សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករជាង ៧០ ម៉ឺនតោននិងស្រូវជាង ៥ លានតោនទៅកាន់ទីផ្សារបរទេស។ លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា នៅក្នុងរយៈពេល ១២ ខែ (ខែសីហា ២០២៣ ដល់ខែសីហា ២០២៤) កម្ពុជាសម្រេចបានការនាំចេញអង្ករបានជាង ៧០៥ ៦៣៨ តោននិងស្រូវ ៥ ០២៧ ៣៦៩ តោនទៅកាន់ទីផ្សារបរទេស ដែលនេះជាសមិទ្ធផលថ្មីមួយនៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់ផ្នែកនាំចេញអង្ករនៃរាជរដ្ឋាភិបាលនីតិកាលទី៧។ លោកបានគូសបញ្ជាក់ថា វិស័យស្រូវអង្ករកម្ពុជាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ដែលអនុម័តដោយគណរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះនិងទំហំថ្មីមួយ ដើម្បីពង្រឹងនិងពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងល្បឿននៃការកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងជីវភាពរបស់ប្រជាជនផងដែរ។ ជាក់ស្តែង តាមរយៈគោលនយោបាយដ៏មានសារៈសំខាន់នេះ ផលិតកម្មស្រូវនៅក្នុងឆ្នាំ២០១០-២០១១ មាន បរិមាណត្រឹមតែ ៧,៣ លានតោនស្រូវសើម ហើយការនាំចេញអង្ករបានត្រឹមតែ ១៣ ០០០ តោននិងស្រូវ ២០ ០០០ តោននៅឆ្នាំ២០០៩។ តាមរយៈគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាល បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាងផលិតកម្មស្រូវបានកើនដល់ ១២,៤៥ លានតោនស្រូវសើមនៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ០០០ តោន គិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារអាម៉េរិក និងបាននាំចេញស្រូវចំនួន ៤,៣៩ លានតោន គិតជាទឹកប្រាក់បានចំនួន ១,៣២ ប៊ីលានដុល្លារអាម៉េរិក។ ជារួម ការនាំចេញស្រូវនិងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១,៧៩ ប៊ីលានដុល្លារអាម៉េរិក។ ជាមួយគ្នានោះ រយៈពេល ១០ ឆ្នាំ កម្ពុជាក៏អាចពង្រីកគោលដៅទីផ្សារនាំចេញ ដែលមានការកើនពីចំនួន ៣៥ គោលដៅនៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ២០២៣។ គិតត្រឹមឆមាសទី១នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករទៅកាន់ ៦៣ ប្រទេសនិងតំបន់សរុប ៣៣,៨៦ ម៉ឺនតោន នាំចេញស្រូវចំនួន ២៥២ ម៉ឺនតោន ទាំងអង្ករនិងស្រូវសរុបជាទឹកប្រាក់ចំនួន ៩៧៤ លានដុល្លារអាម៉េរិក៕ |