នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង រដ្ឋសភាកម្ពុជា និងសភាចិនបានចុះហត្ថលេខាលើឯកសារ ចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្នក្នុងការបម្រើផលប្រយោជន៍ជូនប្រទេស និងប្រជាជនទំាងសងខាង។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ បានចុះហត្ថលេខាដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជានិងលោក ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនចិន។ ចំណែកអនុស្សរណៈនៃការយោគយល់រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ ត្រូវបានចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងលោក លីវ ឈី (Liu Qi) អគ្គលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន។ សម្តេច ឃួន សុដារី និងសមភាគីមិត្តចិនបានឯកភាពគ្នាថា ការផ្លាស់ប្តូរទស្សនកិច្ចជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរឹងមាំឡើង។ កិច្ចព្រមព្រៀងចែងអំពីការលើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិកម្ម ការត្រួតពិនិត្យ និង អភិបាលកិច្ច ការបន្តអនុវត្តការផ្លាស់ប្តូរទស្សកិច្ចមិត្តភាពរវាងថ្នាក់ដឹកនាំ គណៈកម្មាធិការ ក្រុមមិត្តភាព តំណាងរាស្រ្ត និង ស្ថាប័នការងារតាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម និង វិស័យឌីជីថល ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរមិត្តភាពនិងដំណើរទស្សនកិច្ចទៅវិញទៅមករវាងតំណាងរាស្រ្តស្ត្រីនិងសមាជិកសភាវ័យក្មេងជាដើម។ ចំណែកអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានសភាប្រទេសទាំងពីរ គឺក្នុងគោលបំណងបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គាំទ្រដល់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិននិងកម្ពុជា តាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរបទពិសោធន៍និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្តល់សេវាកម្មសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ផ្តល់ប្រយោជន៍ទៅវិញទៅមក គោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និង ការអនុលោមតាមបទដ្ឋានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕ |